មនុស្ស​រាប់​ពាន់​នាក់​មក​ពី​បណ្ដា​ស្រុក​នានា​នៃ​ខេត្ត​កំពង់ឆ្នាំង បាន​នាំ​គ្នា​សម្រុក​ចូល​ទិញ​ពាក្យ​សុំ​ប្រឡង​សាកល្បង​សមត្ថភាព ដើម្បី​មាន​ឱកាស​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ នៅ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង ចាប់​តាំង​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ ខែ​សីហា ឆ្នាំ​២០១៣។ មន្ត្រី​គណៈកម្មាធិការ​បណ្ដុះ​បណ្ដាល និង​បញ្ជូន​ពលករ​ទៅ​បរទេស បញ្ជាក់​នៅ​ថ្ងៃ​ទី​១៥ សីហា ថា រហូត​មក​ដល់​ថ្ងៃ​ទី៣​នៃ​ការ​ដាក់​ពាក្យ​ប្រឡង​នេះ ខាង​គណៈកម្មាធិការ​ទទួល​បាន​ពាក្យ​សុំ​ប្រឡង​ជាង ៤​ពាន់​នាក់។
ពលករ ដាក់​ពាក្យ ៦១០

(ប្រជាពលរដ្ឋ​អង្គុយ​លើ​ម៉ូតូ​រង់ចាំ​បង​ប្អូន​ចូល​ដាក់​ពាក្យ​សុំ ​ប្រឡង​សាកល្បង​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ នា​ខាង​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០១៣។)

សកម្មភាព​ទិញ និង​លក់​ពាក្យ​ប្រឡង​តេស្ដ​សមត្ថភាព ដើម្បី​មាន​ឱកាស​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​កូរ៉េ នៅ​តាម​បណ្ដា​ខេត្ត​ក្រុង​ទាំង​១៣ មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​មហាជន ជា​ពិសេស​នៅ​ខេត្ត​កំពង់ឆ្នាំង គេ​ឃើញ​មាន​មនុស្ស​រាប់​ពាន់​នាក់ បាន​មក​ឈរ​ត្រៀបត្រា​នៅ​ខាង​មុខ​មជ្ឈមណ្ឌល​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត តាំង​ពី​ព្រឹក​ព្រលឹម។

ពលករ​បម្រើ​ការងារ​ជា​ស្ត្រី​មេ​ផ្ទះ​ម្នាក់​នៅ​ប្រទេស​កូរ៉េ ឈ្មោះ ឆៃ ចាន់ធឿន ដែល​ជូន​សាច់​ញាតិ​ពីរ​នាក់​មក​ទិញ​ពាក្យ​សុំ​ប្រឡង​នៅ​ក្នុង​វគ្គ​ទី​១០ នេះ ឲ្យ​ដឹង​ថា បេក្ខជន​ម្នាក់ៗ​ត្រូវ​បង់​ថ្លៃ ២៤​ដុល្លារ៖ «ព្រោះ​អី​ នៅ​ក្នុង​ស្រុក​ប្រាក់​ខែ​តិច​ពេក។ ខាង​ខ្ញុំ​អីចឹង រៀន​វា​អត់​បាន​ចប់​ចុង​ចប់​ដើម​ស្រួល​បួល ដល់​អីចឹង​រក​ការងារ​រាជការ​ក៏​យ៉ាប់​ដែរ ដល់​អីចឹង​យើង​ចេញ​ទៅ​ក្រៅ​ស្រុក​ទៅ បើ​បាន​ចេញ​ទៅ​ក៏​វា​ធូរ​ដែរ​ប្រាក់​ខែ​វា​ជាង ១​ពាន់ អី​ដែរ​ណា៎»

យុវជន​ម្នាក់​ឈ្មោះ សាធ ពិសិដ្ឋ ឲ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​ប្អូន​ប្រុស​មាន​មុខ​របរ​ជា​អ្នក​រត់​ម៉ូតូ​ឌុប ក៏ប៉ុន្តែ​មុខ​របរ​នេះ​មិន​អាច​រក​ប្រាក់​ដើម្បី​ទប់ទល់​នឹង​ជីវភាព​គ្រួសារ ​បាន ទើប​ប្អូន​សម្រេច​ចិត្ដ​មក​ដាក់​ពាក្យ​ប្រឡង៖ «ចេះ​ភាសា​កូរ៉េ ខ្លះៗ​ដែរ ប្រហែល​ជា​សង្ឃឹម​ខ្លះ​ដែរ ព្រោះ​នេះ​ដាក់​ខាង​ផ្នែក​សំណង់ សា​មុន​ដាក់​ខាង​ឧស្សាហកម្ម​ធ្លាក់​ឡើង ៣​ទៅ ៤​សា​ហើយ»

ប្រធាន​គណៈកម្មាធិការ​បណ្ដុះ​បណ្ដាល និង​បញ្ជូន​ពលករ​ទៅ​បរទេស​នៃ​ក្រសួង​ការងារ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក ញឹម ពិសិដ្ឋ មាន​ប្រសាសន៍​ថា សម្រាប់​នៅ​ខេត្ត​កំពង់ឆ្នាំង បេក្ខជន​បាន​សម្រុក​ចូល​ដាក់​ពាក្យ​ច្រើន​នៅ​ថ្ងៃ​ទី​១ និង​ទី​២ នៃ​ការ​ទទួល​ពាក្យ​រយៈពេល ៤​ថ្ងៃ៖ «រាល់​បេក្ខជន​ដែល​បាន​ពាក្យ​សុំ​ សិទ្ធិ​ប្រឡង​ហើយ ប្រសិន​គាត់​ប្រឡង​ជាប់ ហើយ​មិន​ប្រាកដ​ថា​គាត់​បាន​ទៅ​បម្រើ​ការងារ​នៅ​កូរ៉េ ១០០% នោះ​ទេ គឺ​គាត់​មាន​សិទ្ធិ​ត្រឹម​តែ​ដាក់​ពាក្យ​សុំ​ស្វែង​រក​ការងារ​ធ្វើ​នៅ​ ប្រទេស​កូរ៉េ គាត់​បាន​ទៅ វា​អាស្រ័យ​ទៅ​លើ​ខាង​ថៅកែ​ភាគី​កូរ៉េ គាត់​ជ្រើស​រើស​ចំ​បេក្ខជន​មួយ​ណា»

បន្ថែម​លើ​នេះ អគ្គនាយកដ្ឋាន​រដ្ឋបាល និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ការងារ លោក ហេង សួរ បាន​ប្រសាសន៍​ថា ការ​ប្រឡង​នេះ​មិន​មែន​ជា​ការ​ប្រឡង​ជ្រើស​រើស​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ កូរ៉េ នោះ​ទេ គឺ​ជា​ការ​ប្រឡង​តេស្ដ​សមត្ថភាព​ភាសា​កូរ៉េ ដើម្បី​មាន​ឱកាស​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ៖ «ជា​ធម្មតា វា​តែង​តែ​មាន​ចំណុច​វិជ្ជមាន និង​ចំណុច​អវិជ្ជមាន​នៃ​សកម្មភាព ប៉ុន្តែ​សម្រាប់​នៅ​សាធារណរដ្ឋ​កូរ៉េ នេះ គឺ​ខ្ញុំ​គិត​ថា វា​ជា​ឱកាស​ល្អ​មួយ ហើយ​សាធារណរដ្ឋ គឺ​ជា​ទីផ្សារ​មួយ​ដែល​សម្ដេច ហ៊ុន សែន លោក​បាន​ផ្ដួច​ផ្ដើម ហើយ​ចង់​ឲ្យ​មាន​ជា​យូរ​មក​ហើយ»

ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​ សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​ទៅ​ប្រទេស​កូរ៉េ នៅ​ដើម​ឆ្នាំ​២០១២ មាន​ប្រហែល ១​ម៉ឺន​នាក់ ក៏ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១៣ នេះ មាន​ការ​កើន​ឡើង​ជិត ៣​ម៉ឺន​នាក់៖ «វា​អាច​ជា​ចេតនា​មួយ​របស់​ រដ្ឋាភិបាល ជា​ពិសេស​គណបក្ស​ប្រជាជន ដែរ ក្នុង​ការ​ទាញ​កម្លាំង​មនុស្ស ឬ​កម្លាំង​យុវជន​ឲ្យ​ទៅ​ខាង​ក្រៅ ដើម្បី​ឲ្យ​ជៀស​ផុត​អំពី​ការ​រក​ការងារ​ធ្វើ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ខ្ញុំ​គិត​ថា​មក​ដល់​ពេល​នេះ យុទ្ធសាស្ត្រ​អស់​ហ្នឹង​មិន​សូវ​ជា​បាន​ជោគជ័យ​ប៉ុន្មាន​ទេ»

សង្គម​ស៊ីវិល និង​សាធារណជន​មួយ​ចំនួន បាន​ចាត់​ទុក​សកម្មភាព​លក់​ពាក្យ​ប្រឡង​តេស្ដ​សមត្ថភាព​ភាសា​កូរ៉េ នា​ពេល​នេះ គឺ​អាច​ជា​ផ្នែក​មួយ​នៃ​រឿង​នយោបាយ​ក្នុង​ការ​បង្វែរ​អារម្មណ៍​របស់​មហាជន និង​យុវជន ឲ្យ​ងាក​ទៅ​គិតគូរ​រឿង​ការងារ​នៅ​ក្រៅ​ប្រទេស​វិញ ជា​ជាង​នៅ​ប្រមូល​ផ្ដុំ​គ្នា និង​បង្ក​ឲ្យ​មាន​បាតុភាព​ផ្សេងៗ​កើត​ចេញ​ពី​បញ្ហា​ការងារ​នៅ​ក្នុង​ស្រុក នៅ​គ្រា​ដែល​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា កំពុង​មាន​ភាព​តានតឹង។

សកម្មភាព​ទិញ​ពាក្យ​សុំ​ប្រឡង​តេស្ដ​សមត្ថភាព​ភាសា​កូរ៉េ ធ្វើ​ឡើង​រយៈពេល ៤​ថ្ងៃ នៅ​តាម​បណ្ដា​ខេត្ត និង​ក្រុង​ចំនួន​១៣ គឺ​ខេត្ត​កណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ សៀមរាប កំពង់ចាម ក្រចេះ ព្រៃវែង ស្វាយរៀង តាកែវ និង​ខេត្ត​កំពត៕

(ប្រភព៖ rfa : )

Advertisements